គណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចាត់វិធានការក្ដៅកាត់ផ្លាកប៉ាន់ណូ និងដកហូតសម្ភារល្មើសមួយចំនួន ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ

ភ្នំពេញ៖ ក្រោយពីកាត់ផ្លាកប៉ាន់ណូ ចំនួន៣ផ្ទាំង និងដកហូតដែកអេតចាយមួយចំនួន មករក្សាទុកបណ្ដោះអាសន្នពីក្រុមអាជីវករ នាថ្ងៃម្សិលមិញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ នៅតែបន្តចាត់វិធានការក្ដៅដដែល ក្នុងកាត់ផ្លាកយីហោចំនួន ០៥ផ្ទាំងទៀត ដែលបានរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋ និងតម្លើងអក្សរខុសពីអក្សរជាតិ ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ ចាប់ពីចំណុចភ្លើងស្តុប៦២R ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នៅតាមសងខាងបណ្ដោយផ្លូវជាតិលេខ៥ ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតដល់ស្ពានលោកឧកញ៉ា លីយ៉ុងផាត សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

វិធានការក្ដៅរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវនេះ ដឹកនាំដោយតំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ មន្ត្រីពាក់ព័ន្ធមួយចំនួន និងកងកម្លាំងជិត៤០នាក់ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ។

គួររំឭកផងដែរថា ក្នុងយុទ្ធនាការបន្តរំដោះចំណីចិញ្ចើមផ្លូវ របស់គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ម្សិលមិញនេះ បានសម្រេចកាត់ផ្លាកប៉ាន់ណូ ចំនួន៣ផ្ទាំង និងដកហូត ដែកអេតចាយមួយចំនួនទៀត ដើម្បីដឹកយកមករក្សាទុកពីក្រុមអាជីវករ ដែលបានដាក់តាំងរំលោភចូលចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលចាប់ផ្ដើមអនុវត្តឡើងពីចំណុចព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១។

ការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងការរំដោះចំណីចិញ្ចើមផ្លូវ ពីក្រុមអាជីវករលក់ដូរគ្រប់ប្រភេទនេះដែរ លោកស្រី សួស សូលីដា សូមឲ្យប្រជាពលរដ្ឋចូលរួមសហការគោរពច្បាប់ ទាំងអស់គ្នា ស្ដីពីសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនអនុញ្ញាតឲ្យមានការដាក់តាំង របស់របរផ្សេងៗ លើចិញ្ចើមផ្លូវដាច់ខាត ក្នុងនោះត្រូវទុក១ភាគ៣ នៃចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ។

បើតាមការបញ្ជាក់ពីលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ នៅក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈនេះ គឺបានអនុវត្តឡើងជាប្រចាំ តាមសេចក្ដីណែនាំពីសាលារាជធានីភ្នំពេញ ដែលមិនអាចបណ្ដែតបណ្ដោយបាននោះទេ ក្នុងការទប់ស្កាត់ នាពេលបច្ចុប្បន្នស្ថានភាពចរាចរនៅតាមដងផ្លូវ មានការមមាញឹកខ្លាំង ឯអ្នកធ្វើដំណើរតាមផ្លូវអាចប្រឈមគ្រោះថ្នាក់ចរាចរណ៍ជាដើម នេះដោយសារប្រជាអាជីវករមួយចំនួន បានដាក់តាំងទំនិញ ឬសម្ភារផ្សេងៗ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួន រំលោភលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម៕










Comments