រន្ធត់ណាស់! បាក់រលំអគារសង់ថ្មី កម្ពស់៧ជាន់ កក្រើកក្រុងព្រះសីហនុ ខណៈដែលកម្មករដេកតាមបន្ទប់ ចាប់ពីជាន់ទី២ រហូតដល់ជាន់ទី៦ ស្លាប់និងរបួសជាច្រើននាក់

ព្រះសីហនុ ៖ (ដំណឹងបឋម) អគារកំពុងសង់ថ្មីមួយកន្លែង កម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តអារុណរះ ស្ថិតក្នុងវិថី៧មករា ផ្លូវលេខ២០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោង៤៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅបរិវេណកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់ និងរងការខូចខាតរថយន្ត និងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះផងដែរ។

សេចក្តីរាយការណ៍បន្តថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររលំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដ ឬមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ តែរហូតមកដល់ម៉ោងនេះរកឃើញអ្នកស្លាប់ចំនួន៣នាក់  និង របួស ១៣នាក់ ក្នុង ចំណោម កម្មករ ធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់។

តាមសាក្សីជាកម្មករសំណង់ ដែលបានចេញរួចពីក្នុងអគារ បានឲ្យដឹងថា នៅក្នុងអគារមានកម្មករសំណង់ ស្នាក់នៅតាមបន្ទប់នានា ចាប់ពីជាន់ទី២ រហូតដល់ជាន់ទី៦ រីឯជាន់ទី៧&៨ មិនមានកម្មករស្នាក់នៅឡើយ។ ក្រោយកើតហេតុ ក៏មានមានជនរងគ្រោះខ្លះបានលូនចេញរួច ប្រហែលជាង១០នាក់ ក្រៅពីនោះនៅជាប់ក្នុងអគារនៅឡើយ។

ករណីនេះ លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការបញ្ជាផ្ទាល់ពីលោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ កំពុងដឹកនាំកងកម្លាំង ចុះជួយសង្គ្រោះជនរងគ្រោះ និងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះ ដែលជាប់ក្នុងគំនរបាក់បែកនោះ៕tnb




Comments